ចាប់បានគ្រឿងញៀនជិត ១០០គីឡូក្រាម ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏ចេញសេចក្ដីថ្លែងការណ៍ថា…..

ព័ត៌មានជាតិ

កាលពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ករណីគ្រឿងញៀនមួយ ត្រូវកងកម្លាំងសមត្ថកិច្ចបង្ក្រាបបាន នៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រឹបអូសបានគ្រឿងញៀន១០០ដុំ ស្មើនឹង៩៩គីឡូក្រាម ចាប់ខ្លួនជនសង្ស័យ៦នាក់ ប៉ុន្តែមកដល់ថ្ងៃនេះមិនទាន់ឃើញមានចំណាត់ការអ្វីឡើយ។

គួរបញ្ជាក់ផងដែរថាករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការងើងឆ្ងល់ និងទទឹងចាំមើលថាតើនឹងមានចំណាត់ការយ៉ាងណាទៅលើគ្រឿងញៀនចំនួន៩៩គីឡូក្រាមនោះ។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចេញសេចក្ដីថ្លែងការណ៍ បំភ្លឺជុំវិញករណីផ្ទេរសំណុំរឿង បង្ក្រាបគ្រឿងញៀនបានជិត ១០០គីឡូក្រាម ពីសាលាដំបូងខេត្តកំពង់ធំ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ដែលការផ្ទេរនេះ ធ្វើឡើងតាំងពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ក៏បានអះអាងបន្ថែមទៀតថា ស្ថាប័នតុលាការខេត្តកំពង់ធំ ពុំមានសមត្ថកិច្ចចាត់ការលើសំណុំរឿងនេះទៀតឡើយ ហើយរហូតមកដល់ពេលនេះ ជនត្រូវចោទ ៤នាក់ គឺកំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស និង២នាក់ទៀត កំពុងជាប់ឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ធំ ពុំមានជនត្រូវចោទណាម្នាក់ត្រូវបានដោះលែងឡើយ៕