ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ពេលនេះលោកផ្កាយ២ ទុន ដៀត ដែលចាក់ដីរំលោភសមុទ្រត្រូវបានតុលាការចាត់ការតាមច្បាប់ហើយ!

ព័ត៌មានជាតិ

នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកោះកុង និងមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចយកគ្រឿងចក្រ កាយដី បន្ទាប់ពីត្រូវ ឧត្តមសេនីយ៍ទោ ទុន ដៀត លួចចាក់លុបបំពានឆ្នេរសមុទ្រ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

ក្រោយបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះការទប់ស្កាត់ចាក់ដីចូលសមុទ្រ និងដែលបានកើតឡើងថ្មីៗ នៅក្នុងខេត្ដកោះកុងនោះ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ត និងមន្ដ្រីមកពីក្រសួងរៀបចំដែនដី ព្រមទាំងមន្ដ្រីតុលាការផងនោះ បានចុះទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាយ៉ាងដូច្នេះថា៖ «ខ្ញុំហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុង ក៏នៅបន្តមានការចាក់ដីចូលទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់តើវាមានពិតទេ ហាក់ដូចជាមាននាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ»។

សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ សម្តេចមិនអនុញ្ញាតនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ។ ប្រសិនបើទុកឱ្យនាយទាហានទាំងនោះធ្វើរឿងយ៉ាងដូច្នេះ មានន័យថា ពួកអ្នកទាំងនោះនឹងក្លាយជាអ្នកកសាងរដ្ឋ នៅរដ្ឋហើយ ព្រោះពួកគេមិនគោរពច្បាប់ ដូច្នេះ គឺមិនអនុញ្ញាតឱ្យមាននោះទេ។

គួររំលឹកថា កាលពីព្រឹកមិញតាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានជាថ្មី ដល់មន្រ្តីទាំងអស់ កុំឱ្យយកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជា ការលុបដីសមុទ្រនៅខេត្តកោះកុង យកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម៕