បុគ្គលិក​ខ្មែរនៅក្នុងខេត្តព្រះសីហនុ​ជិត​៨,០០០​នាក់ បាត់បង់​ការងារធ្វើ ព្រោះ​កម្ពុជាបិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​អន​ឡាញ

ព័ត៌មានជាតិ

​​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ​លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​​អោយ​ដឹង​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បិទ​អាជីវកម្ម​ល្បែង​អន​ឡាញ ដែល​នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០១៩​នេះ កាស៊ីណូ​មួយ​ចំនួន​ធំ ស្ថិត​ក្នុង​ខេត្ត​ជាប់មាត់​ឆ្នេរសមុទ្រ​មួយ​នេះ ត្រូវ​បញ្ចប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួក​គេ ជា​ហេតុ​ធ្វើ​អោយ​បុគ្គលិក​កាស៊ីណូ​ជា​ជនជាតិ​ខ្មែរ ប្រមាណ​៧,៧០០​នាក់ នឹង​ត្រូវ​បាត់បង់​ការងារ ។​

លោក យ៉ូ​វ ខេមរា បាន​បញ្ជាក់​ថា កាស៊ីណូ​ចំនួន​៤​កន្លែង បាន​សម្រេច​បិទ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ទាំងស្រុង ខណៈ​កាស៊ីណូ​ចំនួន​២៣​កន្លែង បាន​បញ្ឈប់​បុគ្គលិក​អស់​នៅ​សល់​តែ​អ្នកយាម ហើយ​កាស៊ីណូ ៣៣​កន្លែង​ទៀត បាន​ព្យួរការងារ​បុគ្គលិក​ជា​បណ្ដោះអាសន្ន ព្រោះ​ការ​បិទ​អាជីវកម្ម​ហ្គេ​ម​អន​ឡាញ ។​

បុគ្គលិក​ជនជាតិ​ខ្មែរ​ជិត​៨​ពាន់​នាក់ដែល​បាត់បង់​ការងារ​នេះ លោក យ៉ូ​វ ខេមរា អះអាង​ថា «​មួយ​ចំនួន​ដែល​គាត់​មក​ធ្វើ​នៅ​ក្នុង​វិស័យ​កាស៊ីណូ​នេះ ដោយសារ​ប្រាក់បៀវត្ស​ខ្ពស់ ជាង​អា​ខាង​កាត់ដេរ​ហ្នឹង ។ ដល់​ពេល​កាស៊ីណូ​គាត់​បិទ​ទៅ គាត់​ត្រឡប់​ទៅ​កាត់ដេរ​វិញ ហើយ​មួយ​ចំនួន​ទៀត អត់​មាន​បទ​ពិសោធ​ទេ ។ អ៊ីចឹង បាន​គាត់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។ អាច​មួយ​រយៈ រឺ​មួយ​ក៏​គាត់​អាច​ត្រឡប់​មក​រក​ការងារ​ធ្វើ​វិញ​ក៏​បាន​» ។​

​គួរ​បញ្ជាក់​ផងដែរថា កាលពី​ថ្ងៃ​ទី​១៨ ខែសីហា​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារា​ចរណ៍​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាម​រយៈ​អ៊ិ​ន​ធឺ​ណិ​ត​អន​ឡាញ ក្នុង​នឹង​ក្រៅប្រទេស​គ្រប់​រូបភាព​ទាំងអស់ ត្រឹម​ម៉ោង​សូន្យ ចុងឆ្នាំ​២០១៩​នេះ​ហើយ ៕