នៅប្រទេសថៃ អ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីពីចិនកើនដល់៧ករណី ខណៈកម្ពុជាបង្កើនវិធានការទប់ស្កាត់វិរុសនេះ

ព័ត៌មានអន្តរជាតិ

(បាងកក)៖ អាជ្ញាធរថៃទើបតែបានប្រកាសនៅយប់ថ្ងៃសៅរ៍នេះតែម្តងថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី (Coronavirus) ដែលមានប្រភពដើមពីទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិននោះ បានកើនឡើងដល់ ០៧ករណីហើយនៅក្នុងប្រទេសអាស៊ានមួយនេះ ខណៈនៅទូទាំងពិភពលោករួមទាំងចិន ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបកើនដល់ ១,៤០០នាក់។

ប្រទេសថៃក៏ដូចជាប្រទេសផ្សេងទៀតផងដែរ កំពុងព្យាយាមធ្វើការត្រួតពិនិត្យ អ្នកដំណើរនានានៅតាមព្រលានយន្តហោះ ជាពិសេសយន្តហោះដែលមានជើងហោះហើរពីចិន ។ អាជ្ញាធរថៃកន្លងមកនេះបានអះអាងថា អ្នកដែលត្រូវបានរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានោះ គឺសុទ្ធតែមានប្រភពមកពីទីក្រុងវូហាន នៃប្រទេសចិន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា ក្រុមការងាររបស់ក្រសួងសុខាភិបាល បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងបានបង្កើនវិធានការទប់ស្កាត់នៅតាមព្រលានយន្តហោះ និងតាមច្រកព្រំដែននានា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា។

របាយការណ៍អ្នកឆ្លងវីរុស និងអ្នកបាត់បង់ជីវិតមានដូចតទៅ៖
១៖ ប្រទេសចិន៖ ឆ្លង ១,៣៦៧ករណី ក្នុងនោះស្លាប់ ៤១នាក់
២៖ ថៃ៖ ០៧ករណី
៣. អូស្ត្រាលី៖ ០៤ករណី
៤. បារាំង៖ ០៣ករណី
៥. ជប៉ុន៖ ០៣ករណី
៦. ម៉ាឡេស៊ី៖ ០៣ករណី
៧. សិង្ហបុរី៖ ០៣ករណី
៨៖ កូរ៉េខាងត្បូង៖ ០២ករណី
៩៖ កោះតៃវ៉ាន់់៖ ០៣ករណី
១០៖ សហរដ្ឋអាមេរិក៖ ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២. នេប៉ាល់៖ ០១ករណី